ដោយមើលឃើញតម្រូវការកម្លាំងពលកម្មក្នុងប្រទេសកាន់តែច្រើនឡើងៗ ហើយដែលនិន្នាការនេះផ្ទុយស្រឡះពីស្ថានភាពបច្ចុប្បន្នដែលប្រជាជនកម្ពុជាបាននិងកំពុងចាកចេញពីប្រទេសទៅធ្វើការនៅក្រៅប្រទេស បង្កឲ្យមានកង្វះកម្លាំងពលកម្មយ៉ាងច្រើន មិនតែប៉ុណ្ណោះពលករចំណាកស្រុកកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន ដូចជាត្រូវបានគេជួញដូរភេទ កេងប្រវ័ញ្ចកម្លាំងពលកម្ម ចាប់ខ្លួន ឬមិនបើកប្រាក់ខែ ព្រោះចូលទៅធ្វើការខុសច្បាប់ ហើយកាន់តែធ្ងន់ធ្ងរអាចបាត់បង់ជីវិតថែមទៀត។ កត្តាទាំងនេះញ៉ាំងឲ្យ ស៊ីថេប សម្រេចបង្កើតកម្មវិធីការងារនៅឆ្នាំ២០១៥ ដើម្បីជួយពលករដែលត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាយុវជននៅតាមជនបទទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់មួយ និងបានទៅធ្វើការនៅតាមទីកន្លែងដែលខ្លួនពេញចិត្ត និងមានប្រាក់ខែសមរម្យ។ ដើម្បីសម្រេចបាននូវគោលដៅនៃកម្មវិធីការងារ ស៊ីថេប បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ អង្គការដៃគូ មជ្ឈមណ្ឌលនិងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ អាជ្ញាធរខេត្ត ឃុំ/សង្កាត់ និងភូមិ នានា ដើម្បីចុះផ្សព្វផ្សាយ និងអញ្ជើញក្រុមហ៊ុន រោងចក្រ សហគ្រាស ចុះទៅសម្ភាសរើសកម្លាំងពលកម្មដោយផ្ទាល់។